កិច្ចប្រជុំរវាងគណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា និងប្រតិភូមជ្ឍមណ្ឌលជាតិបច្ចេកវិទ្យាសមុទ្រ នៃសាធារណរដ្ឋប្រជាមានិត្យចិន នៅខេត្តធានជិន។

នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ គណៈប្រតិភូកម្ពុជា ដឹកនាំដោយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីនៃក្រសួងបរិស្ថាន នៃព្រះរាជាណាចក្រកម្ពុជា បានជួបប្រជុំជាមួយលោកបណ្ឌិតសាស្រ្តាចារ្យ ផេង វៃ អគ្គនាយក និងអ្នកជំនាញនៃមជ្ឍមណ្ឌលជាតិបច្ចេកវិទ្យាសមុទ្រ នៃសាធារណរដ្ឋប្រជាមានិត្យចិន នៅខេត្តធានជិន ដើម្បីពិនិត្យពីវឌ្ឍនភាពនៃការអនុវត្តអនុស្សរណៈរវាងស្ថាប័នទាំងពីរ និងពិនិត្យលទ្ធភាពលើការពង្រីកកិច្ចសហប្រតិបត្តិការការងារបន្ថែមទៀត។

ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះក្រុមការងារទាំងពីរភាគីដែលបានសម្រេចនូវសមិទ្ធផលការងារជាច្រើន។ ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ពីអាទិភាពរបស់ក្រសួងបរិស្ថាន ពិសេសគឺការកាត់បន្ថយការបំពុលសមុទ្រ តាមរយៈការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។

ក្នុងឱកាសនោះផងដែរ លោកបណ្ឌិតសាស្រ្តាចារ្យ ផេង វៃ បានសម្តែងនូវការគាំទ្រនិងចូលរួមជាមួយក្រសួងបរិស្ថាននៅក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដោយបង្កើតជា Platform រួមមួយសម្រាប់ធ្វើការផ្សព្វផ្សាយកិច្ចការនេះឱ្យកាន់តែទូលាយ និងបន្តពង្រីកកិច្ចសហប្រតិបត្តិការការងារជាមួយក្រសួងបរិស្ថាននៅលើវិស័យសមុទ្រនេះបន្ថែមទៀត។

You missed