#ក្រសួងបរិស្ថានចេញនូវវិធានការទប់ស្កាត់បទល្មើសធនធានធម្មជាតិ

ឯកឧត្តមអ៊ាង សុផល្លែតរដ្ឋមន្ត្រីក្រសួងបរិស្ថានបាន និងបន្តជំរុញនូវយុទ្ធនាការដាំដើមឈើយ៉ាងតិចមួយលានដើមក្នុងមួយឆ្នាំ ។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានដាក់ចេញនូវវិធានការ៤ចំណុចទប់ស្កាត់បទល្មើសធនធានធម្មជាតិ
១. បញ្ចប់វប្បធម៌ចុះកិច្ចសន្យាដោះលែងអ្នកប្រព្រឹត្តបទល្មើសជំរុញការអនុវត្តច្បាប់១០០%។

២. ក្រសួង/មន្ទីរបរិស្ថានសហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីទប់ស្កាត់បទល្មើស ។

៣. ក្រសួង/មន្ទីរបរិស្ថានសហការជាមួយបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងអង្គភាពប្រឆាំងអំពើពុករលួយដើម្បីបង្ក្រាបបទល្មើស។

៤. ជំរុញការស្ដារ និងដាំដើមឈើឡើងវិញដើម្បីពង្រីកគម្របព្រៃឈើ ឲ្យបាន ៦០% នៅឆ្នាំ ២០៥០

ឯកឧត្តម អ៊ា​ង សុ​ផល្លែ​ត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បានអោយដឹងថា «ការ​អនុវត្ត​ច្បាប់ ដោយ​គ្មាន​ការ​លើកលែង និង​បញ្ចប់​វប្បធម៌ ធ្វើ​កិច្ចសន្យា ហើយ​ដោះ​លែង គឺជា​ការ​មិន​គោរព​ច្បាប់​»។

ថ្លែង​នៅ​ចំពោះ​មុខ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃ​អគ្គនាយកដ្ឋាន​តំបន់ការពារធម្មជាតិ កាលពីថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ ២០២៣ ឯកឧត្តម​រដ្ឋមន្ត្រី បាន​អោយដឹងថា គ្រប់​ករណី​ប្រព្រឹត្តិ​បទល្មើស​ទាំងឡាយ ឲ្យ​តែ​ចាប់​បាន គឺ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​កិច្ចសន្យា ហើយ ដោះ​លែង​នោះ​ទេ គឺ​ត្រូវ​តែ​កសាង​សំណុំរឿង និង​ដាក់​បន្ត​ទៅ​តុលាការ ជា​ដាច់ខាត ហើយ​ប្រសិនបើ​ករណី​ទាំងនោះ មាន​ពាក់ព័ន្ធ​នឹង​កត្តានយោបាយ សូម​ផ្តល់​ព័ត៌មាន និង​សិទ្ធិ​ទុក​ជូន​ឯកឧត្តម​ជា​អ្នក​សម្រេច​។

​ការ​អនុវត្ត​ភារកិច្ច កាតព្វកិច្ច​របស់​មន្ត្រី​ក្រោម​ឱវាទ ឱ្យ​បាន​ត្រឹមត្រូវ ហ្មត់ចត់ គឺ​ដើម្បី​លើក​ស្ទួយ​ប្រសិទ្ធភាព​ការងារ ប្រកបដោយ​ប្រសិទ្ធ​ផល ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ដំណាក់កាល​ទី​១​នេះ។
ជាមួយគ្នានេះដែរ​ក្រសួងបរិស្ថាន បាន​និងកំពុង​អនុវត្ត​រួច​ទៅ​ហើយ លើ​អាទិភាព ចំនួន​៣ រួម​មាន ៖ ទី​១. កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លា​ស្ទិ​ក លើ​ប្រធានបទ “​ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់​ប្លា​ស្ទិ​ក​ទេ​” ទី​២. ការ​បង្កើត​ថ្នាល​បណ្តុះ​កូន​ឈើ​ទូ​ទាំង​ប្រទេស​ជាង ១​លាន​ដើម ក្នុង​មួយ​ឆ្នាំ​ៗ សម្រាប់​ចែក​ជូន​ប្រជាពលរដ្ឋ ដែល​មាន​តម្រូវការ​ដាំ​ដើមឈើ និង​ទី​៣. អេកូ​ទេសចរណ៍ នៅ​តាម​តំបន់ការពារធម្មជាតិ​ព្រៃ​សហគមន៍ ធ្វើ​យ៉ាងណា​រក្សា​ឱ្យ​បាន​គម្រប​ព្រៃឈើ មាន​អព្យាក្រឹត​កាបូន និង​លើក​ស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ ដោយ​ចីរភាព (​យើង​រួម​កម្លាំង​គ្នា​ការពារ​បរិស្ថាន​កម្ពុជា​) ។
នាយកដ្ឋាន​ទាំងអស់​ខាងលើ​នេះ គ្រប់គ្រង​លើ​តំបន់ការពារធម្មជាតិ ចំនួន​៤៦០​តំបន់ ដែល​ចាំបាច់​ត្រូវ​មានការ​រួបរួម​ពី​មន្ត្រី​គ្រប់​ជាន់ថ្នាក់ និង​លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ផង​ដែរ ក្នុង​កិច្ច​ការពារ អភិរក្ស​ធនធានធម្មជាតិ ដើម្បី​សម្រេច​ឱ្យ​បាន​ផែនការ​យុទ្ធសាស្ត្រ​រួម​របស់​កម្ពុជា ៕