សាលាបឋមសិក្សាព្រះនរោត្តម រាជធានីភ្នំពេញ អប់រំសិស្សឲ្យកែប្រែទម្លាប់ចាស់ ទទួលនូវផ្នត់គំនិតថ្មី អនុវត្តទៅលើ «កម្ពុជាស្អាត ខ្មែរធ្វើបាន»
ឈានជើងចូលផុតពីមាត់ទ្វារ នៃសាលាបឋមសិក្សាព្រះនរោត្តម រាជធានីភ្នំពេញ គេនឹងឃើញបដារមួយធំ ចងទទឹងផ្លូវខាងក្នុង ដែលមាន អត្ថន័យថា «បំរាម ហាមប្រើប្រាស់ថង់ប្លាស្ទិក កែវជ័រ ដបប្លាស្ទិក និងប្រអប់ស្នោគ្រប់ប្រភេទ នៅក្នុងបរិវេណសាលារៀន» ។ បដារនេះ ក៏មានន័យទៅដល់ការជូនដំណឹងដល់សិស្ស ឬមាតាបិតា អាណាព្យាបាល ដែលបានជូនកូនរបស់ខ្លួនមករៀន បានទទួលអាន និងយល់ដឹងអំពីបម្រាមរបស់សាលា ក្នុងការរឹតបន្តឹងការប្រើប្រាស់ថង់ប្លាស្ទិក ប្រអប់ស្នោ និងកែវជ័រ ចាប់ពីពេលផ្សព្វផ្សាយនេះទៅ ។
ក្នុងន័យនេះ សាលាបានទទទួលនូវយុទ្ធនាការទីពីរ គឺ«កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលបានដាក់ចេញដោយក្រសួងបរិស្ថានកាលពីថ្ងៃទី ១៥ ឧសភា ឆ្នាំ ២០២៤ ក្រោយយុទ្ធនាការ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលមានសាលាជាង ១.០០០ នៅទូទាំងប្រទេស និងមានសិស្សានុសិស្សចូលរួមជាង ១លាននាក់ អនុវត្តទទួលបានជោគជ័យរួចមក ។
«កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលសាលាបឋមសិក្សាព្រះនរោត្តម ចាប់ផ្តើមអនុវត្តបានដាក់កម្រិតយ៉ាងតឹងរឹងដំបូងគេនៅកម្ពុជា ក៏ព្រោះតែសាលារៀនគឺជាថ្នាលបណ្តុះចំណេះដឹងទូទៅ អប់រំសីលធម៌ សុជីវធម៌ និងឥរិយាបថហាត់ពត់លត់ដំនៃការរស់នៅពីក្មេង និងឲ្យសិស្សកែប្រែទម្លាប់ចាស់ ទទួលនូវផ្នត់គំនិតថ្មី ដើម្បីក្លាយជាធនធានមនុស្សដ៏ល្អ មានគុណភាពសម្រាប់ប្រទេសជាតិ ។
ឯកឧត្តម បណ្ឌិតរដ្ឋមន្ត្រី បានលើកឡើងថា នេះជាជោគជ័យមួយក្នុងយុទ្ធនាការ ដែលបានគ្របដណ្តប់នៅទូទាំងប្រទេស ហើយលទ្ធផលខាងលើបានបង្ហាញពីការយកចិត្តទុកដាក់ក្នុងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ ទាំងវិស័យឯកជន អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅតាមសាលារៀនទូទាំងប្រទេស ។
ពាក្យស្លោកនេះ ថ្វិត្បិតមានខ្លឹមសារខ្លី តែបើគិតពីអនាគតរបស់កូនខ្មែរតជំនាន់ វាមានរយៈពេលវែងឆ្ងាយណាស់ វាមានអត្ថន័យទូលំទូលាយជ្រាលជ្រៅ បំផុសឲ្យខ្មែរយើងគ្រប់រូប បើកបេះដូងទទួលយក និងអនុវត្តព្រមគ្នា ទើបសង្គមខ្មែរយើងស្អាត សង្គមយើងស្អាត ពលរដ្ឋរស់នៅប្រកបដោយផាសុកភាព វិស័យទេសចរណ៍យើងក៏ស្រស់បំព្រង ហើយស្រូបទាញដួងចិត្តជនបរទេសឲ្យចូលមកកម្សាន្តច្រើនថ្កើនជីវភាពប្រជាពលរដ្ឋយើង ៕