មហាជនកំពុងរងចាំមើលថា មន្ត្រីក.ប.ប.នៃក្រសួងពាណិជ្ជកម្មមួយក្រុម ដើរប្រមូលលុយពីអាជីវករនៅផ្សារមាស ខេត្តកំពង់ឆ្នាំង រួចខ្លួនឬយ៉ាងណាបន្ទាប់ពីវេរលុយឱ្យវិញនោះ..?

ខេត្តកំពង់ឆ្នាំង÷បន្ទាប់ពី អង្គភាពសារព័ត៌មានជាច្រើនចុះផ្សាយនិងតាមបណ្តាញសង្គមបង្ហោះ ព្រោងព្រាត ករណីមន្ត្រី អគ្គនាយកដ្ឋានការពារ អ្នកប្រើប្រាស់ កិច្ចការប្រកួត ប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ ក.ប.ប. នៃក្រសួងពាណិជ្ជកម្មដើរប្រមូលលុយពីក្រុមអាជីវករលក់គ្រឿងក្រអូបនៅក្នុងផ្សាររមាស ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងកាលថ្ងៃទី០៤ខែមិថុនា ឆ្នាំ២០២៤ ថ្មីៗនេះ រួមទាំងអាជ្ញាធរស្រុកចុះស្រាវជ្រាវពីភាពមិនប្រកប្រណីនេះផងនោះនៅល្ងាច ថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០២៤ ស្រាប់តែមន្ត្រីក.ប.ប.ទាំងនោះបានវេលុយ ឱ្យអាជីវករទាំងនោះវិញហើយតាមរយៈមន្ត្រីសាលាស្រុកមួយរូប។អាចនិយាយបានថាគឺរួចខ្លួនហើយមែនទេ?បានជាមិនមាន ទោសទណ្ឌចំណាត់ការ តាមផ្លូវច្បាប់ លើមន្ត្រីខិលខូចទាំងនោះនៅឡើយនោះបែបនេះ?។

មន្ត្រីសាលាស្រុកទឹកផុសមួយរូបដែលសុំអនុញ្ញាតមិនបញ្ចេញឈ្មោះបានឲ្យដឹងថា អាជីវករដែលបានរងគ្រោះពីមន្ត្រីក.ប.ប. ដើរប្រមូលលុយពីអ្នកលក់ដូរគ្រឿងគ្រឿងក្រអូប ដោយចោទថាគ្មានពន្ធ និងបានជម្រិតទាប្រាក់ ចាប់ពី៣លានរៀល តថ្លៃចុះរហូតដល់៧០ ម៉ឺន ៥០ម៉ឺននិង ១៥ម៉ឺនរៀល កាលពីថ្ងៃទី០៤ខែមិថុនា ឆ្នាំ២០២៤នោះ បានវេរលុយមកវិញអស់ហើយតាមរយៈរូបគាត់ ដែលបានទទួលចំនួនសរុប ១៣៥ម៉ឺនរៀល។ ក្នុងនោះឈ្មោះចែនី ៧០ ម៉ឺនរៀល,កូនលោកគ្រូបង្រៀន ៥០ ម៉ឺនរៀល និងចែខួច ១៥ម៉ឺនរៀល។ រូបគាត់ជាអភិបាលរងស្រុក បានប្រគល់ជូនអាជីវករទាំងនោះវិញអស់ហើយ។

អាចនិយាយបានថា មន្ត្រីក.ប.ប.របស់ក្រសួងពាណិជ្ជកម្ម បែរជាដើរតួជំនួសមន្ត្រីគយហើយចោទលើអាជីវករលក់របស់គ្មានបង់ពន្ធវាខុសរឿង១០០%។ រហូតមក ដល់ពេលនេះ មិនទាន់មានប្រតិកម្មឆ្លើយតបបំភ្លឺយ៉ាង ណាពីក្រសួងពាណិជ្ជកម្ម,ក៏ដូចជាមន្ទីរពាណិជ្ជកម្មខេត្តកំពង់ឆ្នាំងនៅឡើយ។ ប្រសិនបើអាជ្ញាធរ មានសមត្ថកិច្ចក៏ដូចជាសាមីក្រសួងចង់ស្រាវជ្រាវនោះ មិនពិបាកទេ ពី ព្រោះតាមរយៈអភិបាលរងស្រុកទឹកផុស អាចពន្លាតដែនសមត្ថកិច្ចកោះហៅមន្ត្រីក.ប.ប.ទាំងនោះមកសួរនាំឲ្យបានដឹងរឿងច្បាស់លាស់។ប៉ុន្តែបើក្រសួងពាណិជ្ជកម្ម ក៏ដូចជាមន្ទីរពាណិជ្ជកម្មខេត្តកំពង់ឆ្នាំង រួមទាំងរដ្ឋបាលសាលាខេត្ត “ចង់ជីកកប់រឿងនេះ ក៏កប់ទៅចុះ” ពី ព្រោះរាស្ត្រខ្មែរដឹងពេញនគរទៅហើយ។ រដ្ឋបាលខេត្តកំពង់ឆ្នាំង,មន្ទីរពាណិជ្ជកម្មកំពង់ឆ្នាំង ក៏ដូចជាក្រសួងពាណិជ្ជកម្ម មានក្រុមប្រតិកម្មរហ័សដែរឬទេ?

លោកហ៊ី រតនា ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ឆ្នាំងគួរចាត់ចែងបំភ្លឺឲ្យបានច្បាស់លាស់។ ប៉ុន្តែការបំភ្លឺនោះត្រូវបញ្ជាក់ហេតុផលឲ្យច្បាស់លាស់ មិនមែនមានជនទីបីពីទីណាផ្សេងឬ មិនមែនជាមន្ត្រីក.ប.ប.នៃមន្ទីរពាណិជ្ជកម្មខេត្តកំពង់ឆ្នាំងនោះទេ? រូបភាពបានបញ្ជាក់យ៉ាងច្បាស់ហើយលោកអភិបាលរងស្រុកទឹកផុសក៏បានវេរលុយឲ្យក្រុមអាជីវកររួចវិញហើយ។ ប្រសិនបើលោកប្រធានមន្ទីរ,ក្រសួងពាណិជ្ជកម្មចង់ដឹងឬចង់ចាត់វិធាន ការចំពោះជនដែលជាមន្ត្រីក.ប.ប.៕

អង្គភាពយើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង និងព្រាបនាំសារ ជូនថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាលតែប៉ុណ្ណោះ គ្មានចេតនា ជាន់ពន្លិចស្ថាប័នពាក់ព័ន្ធណាឡើយ ជុំវិញការចុះផ្សាយខាងលើអង្គភាពយើងខ្ញុំរង់ចាំទទួលការស្រាយបំភ្លឺពីភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ តាមច្បាប់ស្តីពីរបបអ្នកសារព័ត៌មាននៅកម្ពុជា។ សូមអរគុណ.!