ឯកឧត្ដម អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន អញ្ជើញប្រារព្ធពិធីកាន់បិណ្ឌនៅវត្ដចំនួន ០២ ក្នុងស្រុកអូរាំងឪ…

ត្បូងឃ្មុំ៖ ឯកឧត្ដម អ៊ាង សុផល្លែត បានដឹកនាំមន្ដ្រីក្រសួងបរិស្ថាន ប្រារព្ធពិធីកាន់បិណ្ឌនៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែភទ្របទ ឆ្នាំថោះ ពស ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ គឺជាថ្ងៃកាន់បិណ្ឌទី១៣ នៃពិធីបុណ្យភ្ជុំបិណ្ឌ ស្ថិតនៅវត្ដអម្ពិលារាម និងវត្ដព្រះធាតុបាស្រី ក្នុងស្រុកអូរាំងឪ ខេត្ដត្បូងឃ្មុំ។

គួររំលឹកថា ពិធីបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យសាសនាជាតិ ដែលប្រជាជនកម្ពុជាទូទាំងប្រទេសតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំក្នុងខែភទ្របទ ហើយមានរយៈពេលចំនួន១៥ថ្ងៃ សម្រាប់ប្រារព្ធពិធីកាន់បិណ្ឌ។

ឯកឧត្ដម អ៊ាង សុផល្លែត និងមន្ដ្រីជាន់ខ្ពស់របស់ក្រសួងបរិស្ថាន ជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ព្រមទាំងមានការចូលរួមពី អភិបាល នៃគណៈអភិបាលស្រុកអូរាំងឪ មន្ដ្រីអាជ្ញាធរនានាក្នុងមូលដ្ឋាន អញ្ជើញប្រគេនចង្ហាន់ ទ័យទាន គ្រឿងឧបភោគ បរិភោគ ជូនព្រះសង្ឃ និងធ្វើពិធីរាប់បាត ឧទ្ទេសកុលស្យ នៅវត្ដចំនួន០២ ខាងលើផងដែរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្រ្ដីក្រសួងបរិស្ថាន បានប្រគេន និងប្រគល់ប័ណ្ណសរសើរមេត្រីបរិស្ថាន ជូនដល់វត្ដព្រះធាតុបាស្រី និងប្រគេនជូនព្រះសុភាវត្ថេរ កែវ យ៉េន ព្រះគ្រូចៅអធិការវត្ដព្រះធាតុបាស្រី ដែលបានចូលរួមប្រតិបត្ដិមេត្រីបរិស្ថាន ក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការរស់នៅដោយភាពស្អាត ភាពបៃតង និងចីរភាព។