សេចក្តីជូនដំណឹងស្តីពីវិធានការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់គាស់ រុករាន ឆ្ការដុត ឬការឈូសឆាយដីព្រៃក្នុងតំបន់ការពារធម្មជាតិធ្វើជាកម្មសិទ្ធិ
ក្រសួងបរិស្ថានពិនិត្យឃើញថា ក្នុងរយៈពេលចុងក្រោយនេះ មានសកម្មភាពកាប់គាស់ រុករាន ឆ្ការដុត ឬការឈូសឆាយដីព្រៃក្នុងតំបន់ការពារធម្មជាតិធ្វើជាកម្មសិទ្ធិ បំពាននឹងបទប្បញ្ញត្តិច្បាប់ជាធរមាន និងកំពុង បានប្រើប្រាស់ដីដែលកំពុងស្ថិតក្នុងដំណើរការនីតិវិធីរបស់ស្ថាប័នតុលាការ។ ក្នុងន័យនេះ ដើម្បីបន្តពង្រឹង ប្រសិទ្ធភាពលើការគ្រប់គ្រងដីរដ្ឋ និងធនធានព្រៃឈើនៅតាមតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថានសូមដាក់ ចេញនូវវិធានការដូចខាងក្រោម៖
១.សមត្ថកិច្ចពាក់ព័ន្ធគ្រប់គ្រងតំបន់ការពារធម្មជាតិ ត្រូវបន្តអនុវត្តច្បាប់១០០% ដោយគ្មានការលើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ ធ្វើកិច្ចសន្យាហើយដោះលែងជនប្រព្រឹត្តបទល្មើស។
២.សមត្ថកិច្ចពាក់ព័ន្ធត្រូវមោឃភាព និងបញ្ឈប់ជាបន្ទាន់ ការចុះហត្ថលេខាលើលិខិត ឬឯកសារស្នើសុំ កាន់កាប់ ប្រើប្រាស់ដីធ្លី លិខិតទិញលក់ លិខិតផ្ទេរការកាន់កាប់ ឬការបញ្ជាក់លើប្លង់បង្ហាញទីតាំងដី ដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ។
៣.បុគ្គលដែលបានប្រព្រឹត្តអំពើកាប់គាស់ ឬ រុករាន ឬ ឆ្ការដុត ឬ ឈូសឆាយដីព្រៃ ដើម្បីធ្វើកម្មសិទ្ធិ គឺជាបទល្មើសធនធានធម្មជាតិ ដែលនឹងត្រូវផ្តន្ទាទោសតាមបទប្បញ្ញត្តិច្បាប់ជាធរមាន។
៤.បុគ្គលដែលបានប្រព្រឹត្តអំពើដូចមានចែងក្នុងចំណុចទី៣ខាងលើ ត្រូវប្រគល់ដីដែលខ្លួនបានកាន់ កាប់នោះជូនមកសមត្ថកិច្ចក្រសួងបរិស្ថានវិញដោយស្ម័គ្រចិត្ត និងឥតលក្ខខណ្ឌ។