ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន ជំរុញការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពឲ្យបានទាំងអស់គ្នាសម្រាប់អ្នកក្នុងបន្ទុក​ ក្នុង​ក្រសួង​បរិស្ថាន​

ភ្នំពេញ​៖​ ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ បានថ្លែងជំរុញក្នុងពិធីផ្សព្វផ្សាយនេះថា ក្រសួងបរិស្ថានសូមលើកទឹកចិត្តឱ្យមន្រ្តីរាជការទាំងអស់-លើកជាសំណួរទៅអ្នកជំនាញផ្នែកនេះ ដើម្បីស្វែងយល់បន្ថែមអំពីអត្ថប្រយោជន៍ ដែលទទួលបានបន្ទាប់ពីខ្លួនស្ម័គ្រចិត្តលះបង់របបវិភាគទានថែទាំសុខភាពនេះឱ្យបានច្បាស់។

សុខភាពជាកត្តាចាំបាច់ណាស់សម្រាប់មន្រ្តីរាជការគ្រប់រូប ស្របជាមួយគ្នានេះ ក្រសួងបរិស្ថានបានសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ផ្សព្វផ្សាយ ស្តីពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួងបរិស្ថាន នាថ្ងៃពុធ ទី០៦ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន។

ថ្លែង​ក្នុង​ឱកាស​ផ្សព្វផ្សាយ​ របបសន្ដិសុខសង្គម​ ជូនមន្ដ្រីក្រសួងបរិស្ថាន​ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្តាំផ្ញើឱ្យមន្ត្រីរាជការក្រោមឱវាទនៃក្រសួងបរិស្ថានទាំងអស់ ជួយផ្សព្វផ្សាយបន្ត និងណែនាំទៅដល់សមាជិកគ្រួសារ ដែលស្ថិតក្រោមបន្ទុកទៅចុះឈ្មោះជាសមាជិក ប.ស.ស. នៅតាមទីតាំងសាខា ប.ស.ស. ដែលនៅជិត ដើម្បីទទួលបានអត្ថប្រយោជន៍ពីរបបសន្តិសុខសង្គម សំដៅទៅការធានាដល់ការលើកកម្ពស់ សុខុមាលភាព និងអត្ថប្រយោជន៍មន្ត្រីរាជការសាធារណៈ និងអ្នកក្នុងបន្ទុកឱ្យបានត្រឹមត្រូវ និង មានប្រសិទ្ធភាព ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលលោកបានយកចិត្តទុកដាក់លើផ្នែកសុខភាពជាចម្បង ដើម្បីពង្រីកប្រព័ន្ធគាំពារសង្គម ដែលមានវិសាលភាពគ្របដណ្តប់ប្រជាពលរដ្ឋគ្រប់រូប ឱ្យមានសមភាពក្នុងការទទួលបានសេវាសុខភាពសាធារណៈស្មើគ្នា និងមានសមធម៌ក្នុងសង្គម។

សូមជម្រាបជូនថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ ពីសំណាក់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងគិតគូរទៅលើប្រព័ន្ធសន្ដិសុខសង្គមសម្រាប់គ្រប់គ្រងកម្មវិធីសន្ដិសុខសង្គម ដើម្បីជួយប្រជាជនក្នុងគោលបំណងការពារពួកគាត់ពីការធ្លាក់ចុះភ្លាមៗ នៃប្រាក់ចំណូល ដែលបណ្ដាល មកពីជំងឺ លំហែមាតុភាព គ្រោះថ្នាក់ការងារ ចាស់ជរា ចូលនិវត្តន៍ និងមរណភាពនៃអ្នកដែលរកចំណូលសម្រាប់គ្រួសារ ដោយជំរុញឱ្យប្រជាជនគ្រប់រូបចូលរួមសន្សំប្រាក់ ឬបង់ភាគទានជាកាតព្វកិច្ចទៅតាមអត្រាជាក់លាក់នៅក្នុងមូលនិធិមួយដើម្បីការពារហានិភ័យទាំងអស់នោះ៕

You missed