ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ក្រសួងបរិស្ថានចែកដេីមឈេី និកូនឈេី ជាង ៩២ ម៉ឺនដេីម ត្រឹមរយៈពេល ០៣ ថ្ងៃ
ភ្នំពេញ៖ ព្រឹត្តិការណ៍ពិព័រណ៌ ផ្សព្វផ្សាយដេីមឈេី និងចែកកូនឈេី ក្រោមមូលបទ “ពន្លកបៃតង និងកេសរកូលជាតិលើកទី៤” ត្រូវបានបិទបញ្ចប់ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានការចូលរួមមន្ដ្រីរាជការ អង្គការដៃគូរ នៅរសៀលថ្ងៃទី ១២ ខែកក្កដា ២០២៤ នៅខាងមុខអាគារទីស្ដីការក្រសួងបរិស្ថាន។
ថ្លៃងក្នុងឱកាស ពិធីប្រកាសបិទ ព្រឹត្តិការណ៍ពិព័រណ៌ ពន្លកបៃតង ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះវត្ដមានដ៏ឧត្ដុងឧត្ដម របស់លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី ហ៊ុន ម៉ាណែត និងជាពិសេស ការផ្ដល់នូវកិត្តិយសដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ ដែលបានអញ្ជើញជាអធិបតីភាពប្រកាសបេីកដំណេីរការព្រឹត្ដិការណ៍ ពន្លកបៃតង មានរយៈពេល ០៣ ថ្ងៃ គិតត្រឹមថ្ងៃទី១២ ខែកក្កដានេះ។
ឯកឧត្ដម ក៏បានបន្ដអរគុណ ឯកឧត្ដម លោកជំទាវ គណៈអធិបតី អង្កការដៃគូជាតិ-អន្ដរជាតិ យុវជន សសយក យុវជនកាយរឹទ្ធិ កាកបាទក្រហមកម្ពុជា គ្រួសារបរិស្ថាន និងមន្ទីរបរិស្ថានគ្រប់ រាជធានី ខេត្ត ដែលបានចូលរួម និងដាក់តាំងបង្ហាញ ចែកដេីមឈេី កូនឈេីជូនប្រជាពលរដ្ឋមកពីគ្រប់ទិសទី ដោយឥតគិតថ្លៃ ព្រមទាំងទទួលយកបន្តបន្ទាប់ក្រោយពីបញ្ចប់ការតាំងពិព័រណ៍ ដែលមានកូនឈើសរុបប្រមាណ១លាន៣សែនដើម នៅតាមរាធានីខេត្តទាំង២៥ផងដែរ ។
ឯកឧត្ដមរដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងច្បាស់ថា ព្រឹត្តិការណ៍ពិព័រណ៌ ពន្លកបៃតង នេះ ជាទំព័រប្រវត្តិសាស្ត្រមួយ ដែលរៀបចំដោយក្រសួងបរិស្ថាន និងបានធ្វើការចែកជូននូវដេីមឈេី និងកូនឈេីចម្រុះប្រមាណជាង ៩២ ម៉ឺន ដេីម ជូនប្រជាពលរដ្ឋមកពីគ្រប់ទិសទី ប្រកបដោយសេចក្ដីសប្បាយរីករាយគួរឲ្យកត់សម្គាល់។
រយៈពេល ០៣ ថ្ងៃមកនេះ មនុស្សម្នារ ជាប្រជាពលរដ្ឋ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ មន្ដ្រីរាជការ បានមកចូលរួមទស្សនាការតាំងពិព័រណ៍ និងមកទទួលយកដេីមដោយឥតគិតថ្លៃ យ៉ាងច្រើនកុះករ លេីសពីការរំពឹងទុក ហេីយបេីសង្កេតទៅ ឃេីញថានៅតាមបណ្ដាស្ដង់តាំងដេីមឈេី និងកូនឈេី គ្រប់មន្ទីរបរិស្ថាន សុទ្ធសឹងតែគ្មានសល់កូនឈេី និងដេីមឈេី យកត្រឡប់ទៅវិញឡេីយ។
ទិដ្ឋភាពនេះ គឺបង្ហាញឱ្យឃើញថា ប្រជាពលរដ្ឋ សិស្សានុសិស្ស យុវជនកម្ពុជា ពិតជាមានសេចក្ដីស្រឡាញ់ និងមានផ្នត់គំនិតក្នុងការចូលរូមយ៉ាងសកម្ម លេីការថែរក្សាបរិស្ថាន និងជាចលករជំរុញឱ្យកម្ពុជាមានគម្របព្រៃបៃតង ៦០% នាឆ្នាំ២០៥០ ស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភាកម្ពុជា។