ឯកឧត្តម ង៉ូវ បូរីណា អញ្ជើញចូលរួមដាំកូនត្នោតចំនួន ៥០០០ដើម អមសង្ខាងផ្លូវ ព្រំដែន..

ត្បូងឃ្មុំ ៖ ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន អញ្ជើញ ចូលរួមដាំកូនត្នោតចំនួន ៥០០០ដើម តាមបណ្តោយផ្លូវក្រវាត់ព្រំដែន កម្ពុជា-វៀតណាម នៅចំណុចបង្គោលព្រំដែនលេខ១២៩ ដល់ ១៣០ និង ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល និងលោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញាមហាអយ្យការអមតុលាការកំពូល ព្រមទាំងមានការចូលរួមពី លោក ម៉ៅ ឌុង អភិបាលរងខេត្ត តំណាង ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងមន្រ្តីអាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន សសយក យុវជន កាកបាទក្រហម និងប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន ស្ថិតនៅភូមិថ្លុកត្រាច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤  ។

នាឱកាសនោះផងដែរ ឯកឧត្តម ង៉ូវ បូរីណា បានមានប្រសាសន៍ថាការចូលរួម ក្នុងការដាំដើមត្នោតតាមបណ្តោយបន្ទាត់ព្រំដែននេះ គឺចូលរួមចំណែកដើម្បីបណ្តុះផ្នត់គំនិតពន្លកបៃតង ដើម្បីពង្រីកភាពបៃតង ដើម្បីកាត់បន្ថយការឡើងកំដៅផែនដី ក៏ដូចជាទប់ស្កាត់នៃការឡើងកំដៅ ហើយអ្វីដែលយើងត្រូវធ្វើគឺ ការថែរក្សាបរិស្ថាន ការទប់ស្កាត់នូវការកាប់បំផ្លាញព្រៃឈើ និងដាំស្តារព្រៃឈើជំនួសមកវិញ។ ហើយការដាំដើមត្នោតនៅក្នុងថ្ងៃនេះ គឺជាការបណ្តុះផ្នត់គំនិតពន្លកបៃតងដល់ប្រជាសហគមន៏គ្រប់មូលដ្ឋានទាំងអស់ មានផ្នត់គំនិតនាំគ្នាចូលរួមដាំកូនឈើអោយបានច្រើន។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏សូមថ្លែងអំណរគុណដល់ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល និងលោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញាមហាអយ្យការអមតុលាការកំពូល និងមន្រ្តីអាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន សសយក យុវជន កាកបាទក្រហម និងប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន​ ដែលបានចូលរួមជាមួយក្រសួងបរិស្ថានក្នុងការចូលរួមដាំដើមត្នោតចំនួន ៥០០០ដើម តាមបណ្តោយក្រវាត់ព្រំដែន កម្ពុជា-វៀតណាម ដើម្បី កម្ពុជាស្អាត កម្ពុជាបៃតង ខ្មែរធ្វើបាន។

អត្ថបទ​ ៖​ យី​ វ៉នពិសិដ្ឋ