ក្រសួងព័ត៌មានបើកសិក្ខាសាលាស្តីពី ពិគ្រោះយោបល់បន្តលើសេចក្តីព្រាង «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន >> ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន

នៅព្រឹកថ្ងៃទី២៤កក្កដានេះ នៅទីស្តីការក្រសួងព័ត៌មាន កំពុងដឹកនាំកិច្ចពិភាក្សាមួយលើសេចក្តីព្រាង
ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលផ្តោតទៅលើជំពូកស្តីអំពី ការទទួលខុសត្រូវលើវិជ្ជាជីវៈសារព័ត៌មាន។

យោងតាមសេចក្តីព្រាងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលបានប្រមូលធាតុចូលកន្លងមកនេះ បានកត់ត្រានូវក្របខណ្ឌនៃការងារប្រចាំថ្ងៃរបស់ខ្លួន ដែលអ្នកសារព័ត៌មានត្រូវអនុវត្តសកម្មភាពក្នុងវិស័យសារព័ត៌មាននិងសោតទស្សន៍ ត្រូវប្រកាន់ខ្ជាប់នូវការប្រតិបត្តិកាតព្វកិច្ចនិងការទទួលខុសត្រូវដូចខាងក្រោម៖

១- ទំនួលខុសត្រូវសង្គម បេសកកម្មក្នុងការផ្តល់ព័ត៌មានផ្សារភ្ជាប់ជាមួយសិទ្ធិ កាតព្វកិច្ច និងការទទួលខុសត្រូវសង្គម។ ការផ្សាយព័ត៌មានត្រូវធានាការគោរពឯកជនភាព សេចក្តីថ្លៃថ្នូរបុគ្គលក្នុងសង្គម ហើយមិនត្រូវប៉ះពាល់ដល់សិទ្ធិអ្នកដទៃ ឬតម្លៃវិជ្ជាជីវៈ ដើម្បីការពារប្រយោជន៍និងទំនុកចិត្តសង្គមមកលើតួអង្គក្នុងវិស័យព័ត៌មាន និងចូលរួមក្នុងការអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន។

២-ទំនួលខុសត្រូវវិជ្ជាជីវៈ ៖ កំហុសវិជ្ជាជីវៈត្រូវស្ថិតក្រោមការអនុវត្តច្បាប់ស្តីពីរបបសារព័ត៌មាន។ ការអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ មិនត្រូវស្ថិតក្រោមគំនាប ឬឥទ្ធិពលរបស់ភាគីណាមួយឡើយ លើកលែងតែការតម្រង់ទិស ឬភារកិច្ចដែលប្រធានអង្គភាព-ស្ថាប័នផ្តល់ឱ្យសម្រាប់ករណីអ្នកសារព័ត៌មានអាជីព ដែលជាការទទួលខុសត្រូវវិជ្ជាជីវៈ។ ទោះជាយ៉ាងណាក៏ដោយ ការតម្រង់ទិសឬភារកិច្ចដែលប្រធានអង្គភាព-ស្ថាប័នផ្តល់ឱ្យនោះ មិនត្រូវមានចរិកផ្ទុយនឹងច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាននៃព្រះរាជាណាចក្រកម្ពុជា ឬប្រាសចាកពីគន្លងនៃធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះឡើយ។

៣- ទំនួលខុសត្រូវរដ្ឋប្បវេណី និងព្រហ្មទណ្ឌ៖ អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ ត្រូវគោរពច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។ ទង្វើបំពានត្រូវប្រឈមនឹងផលវិបាកផ្នែករដ្ឋប្បវេណីនិងព្រហ្មទណ្ឌ ដូចមានចែកក្នុងច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ទង្វើបំពានប្រភេទទាំងនេះមិនស្ថិតក្នុងក្របខណ្ឌនៃសេរីភាពខាងការបញ្ចេញមតិ និងសេរីភាពខាងសារព័ត៌មានឡើយ។

យ៉ាងណាក៏ដោយកិច្ចទទួលខុសត្រូវលើវិជ្ជាជីវៈសារព័ត៌មាននៅក្នុងសេចក្តីព្រាងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះ នឹងមានការផ្លាស់ប្តូរ រឺថែមថយ ខណៈមានសមាគមអ្នកសារព័ត៌មានចំនួន ៧បានចូលរួមផ្លាស់ប្តូរមតិយោបល់ទៅលើសេចក្តីព្រាងនោះដែលមកពី ៖

១-) តំណាងអង្គការយូណេស្កូ

២-) ក្លឹបអ្នកកាសែតកម្ពុជា (CCJ)

៣-) សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (Camboja)

៤-) សមាគមសារព័ត៌មានកម្ពុជា-ចិន

៥-) សមាគមអភិវឌ្ឍវិជ្ជាជីវៈអ្នកសារព័ត៌មាន កម្ពុជា

៦-) សមាគមសារព័ត៌មានអេឡិចត្រូនិច អឹម អេស ជេ (MSJ) និង

៧-) មជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា បានអញ្ជើញចូលរួម។

សូមបញ្ជាក់បន្ថែមទៀតថា សេចក្តីព្រៀងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានដែលក្រសួងព័ត៌មានកំពុងតែប្រឹងប្រែងបង្កើតឡើងនេះមាន៦ជំពូក៖

ជំពូកទី១៖ បទប្បញ្ញតិ្តទូទៅ

ជំពូកទី២៖ គោលការណ៍គ្រឹះជាមូលដ្ឋាននៃវិជ្ជាជីវៈសារព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មាន

ជំពូកទី៣៖ សិទ្ធិ ករណីយកិច្ច និងការគាំពារ

ជំពូកទី៤៖ ការទទួលខុសត្រូវ

ជំពូកទី៥៖ យន្តការតាមដាន វាយតម្លៃ និងលើកទឹកចិត្តចំពោះការអនុវត្ត

ជំពូកទី៦៖ អវសានប្បញ្ញត្តិ។

សូមបញ្ជាក់ដែរថា គោលបំណងនៃការបង្កើតធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជានេះគឺដើម្បីរួមចំណែកគាំទ្រការលើកកម្ពស់សេរីភាពសារព័ត៌មាននៅកម្ពុជា តាមរយៈការពង្រឹងគុណភាព និងសមត្ថភាពជំនាញ ពង្រឹងការគោរពក្រមសីលធម៌វិជ្ជាជីវៈ និងគ្រប់គ្រងសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន។

ក្រសួងព័ត៌មានសង្ឃឹមថា ក្រោយពេលដែលធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះ ត្រូវបានបង្កើតឡើង និងប្រកាសដាក់ឱ្យប្រើប្រាស់ហើយ នោះនិងធ្វើអោយបរិយាកាសអំណោយផលសម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនិងទំនួលខុសត្រូវវិជ្ជាជីវៈ នូវសេរីភាពសារព័ត៌មាន និងសេរីភាពបញ្ចេញមតិនៅកម្ពុជាព្រមទាំងធានាបានលំហនិងសន្តិសុខព័ត៌មាននៅប្រទេសកម្ពុជា៕

You missed