#បាត់ដំបង
ពេទ្យឆ្មបមធ្យមម្នាក់ត្រូវបានឃាត់ខ្លួន
ខណ:ធ្វើការ រំលូតកូន បណ្តាលឲ្យស្ត្រីរងគ្រោះ ដែលមានគភ៌ រងរបួសនិងរហូតបាត់បង់ជីវិត

(ខេត្តបាត់ដំបង)  កម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូនធ្វើការឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ក្រុមគ្រួសារស្ត្រីរងគ្រោះ ដោយសារតែពេទ្យឆ្មបរូបនេះ បានធ្វើការរំលូតកូនអោយស្ត្រីម្នាក់បណ្តាលអោយនាងស្លាប់។

កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ៣ និង ១០ នាទី រសៀល មានករណីការ រំលូតកូន បណ្តាលឲ្យស្ត្រីដែលមានគភ៌ រងរបួសនិងរហូតមានគ្រោះថ្នាក់ដល់ស្លាប់ កើតឡើង ចំនួន ០១ ករណី នៅចំណុចក្រុមទី០៧ ភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

ជនរងគ្រោះឈ្មោះ ស៊ូ ម៉ាឡៃ ភេទស្រី អាយុ ៣៦ ឆ្នាំ មានទីលំនៅស្នាក់បណ្តោះអាសន្ន ភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ  ក្រុងប៉ៃលិន ខេត្តប៉ៃលិន ប្រព្រឹត្តដោយជនសង្ស័យឈ្មោះ ធឿន នឿន ហៅ ណាក់ ភេទស្រី អាយុ ៥២ ឆ្នាំ មានទីលំនៅ ភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង មុខរបរពេទ្យឆ្មបមធ្យម បានធ្វើសកម្មភាព រំលូតកូនជនរងគ្រោះក្នុងផ្ទៃដែលមានអាយុ ៥ សប្តាហ៍ (ដោយការប្រើទុយោបូបយកកូនចេញ) រហូតជនរងគ្រោះ មានសភាព ជម្ងឺឈឺធ្ងន់ បានបញ្ចូនទៅព្យាបាលសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យបង្អែកស្រុកសំពៅលូន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ និងបញ្ជូនព្យាបាលជម្ងឺបន្តនៅមន្ទីពេទ្យបង្អែកខេត្តបាត់ដំបង  ដោយជនរងគ្រោះមានសភាពយ៉ាប់យ៉ឺនខ្លាំងរហូតដល់ថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១៣:៥០នាទី ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់នៅមន្ទីពេទ្យបង្អែកខេត្តបាត់ដំបងតែម្តង ។

បន្ទាប់ពីទទួលបណ្ដឹងពីសាច់ញាតិដែលត្រូវជាបងបង្កើតជនរងគ្រោះរួចមក នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១០:៣២នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាស្តា បានចុះទៅដល់ទីតាំងកន្លែងកើតហេតុ និងបាននាំខ្លួនជនសង្ស័យឈ្មោះ ធឿន នឿន ហៅ ណាក់ ភេទស្រី អាយុ ៥២ ឆ្នាំ មុខរបរពេទ្យឆ្មបមធ្យម បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកសំពៅលូន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ដោយនៅល្ងាចថ្ងៃដដែលនេះ លោក ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូនបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងថា ពេលនេះជនសង្ស័យត្រូវបានបញ្ជូនទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តហើយ ដើម្បីអនុវត្តបន្តតាមផ្លវច្បាប់ .៕