រដ្ឋមន្រ្តីក្រសួងបរិស្ថាន យុវជនតបស្នងគុណឪពុកម្តាយ តាមរយៈការចេះរកលុយជាជាងសុំលុយពីឪពុកម្តាយ

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា «ក្នុងនាមជាកូនម្នាក់ យើងមិនគួរណាសុំលុយពីឪពុកម្តាយនោះទេ» ក្នុងឃ្លាដែលជាន័យប្រៀបធៀបនេះ គឺឯកឧត្តមរដ្ឋមន្រ្តីចង់បង្រៀនឱ្យយុវជនខ្មែរ ដែលមានចំណេះ ជំនាញ និងសមត្ថភាព ចូលរួមចំណែកក្នុងកិច្ចការពារបរិស្ថាន ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុដែលជាបញ្ហាសកល តាមរយៈការរៀបចំឱ្យមានគម្រោងអភិវឌ្ឍន៍នានា ដើម្បីកៀរគរថវិកាពីអន្តរជាតិ មកជួយអភិវឌ្ឍ និងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋខ្មែរ ជាជាងនៅរង់ចាំតែសុំលុយរដ្ឋយកទៅប្រើប្រាស់។

ចំពោះក្រសួងបរិស្ថានវិញ នឹងគាំទ្រយ៉ាងពេញទំហឹងលើគម្រោងអភិវឌ្ឍ និងគម្រោងវិនិយោគទាំងឡាយណា ដែលឆ្លើយតបនឹងបញ្ហាបរិស្ថាន ហើយជាគម្រោងដែលច្នៃប្រឌិតចេញពីគំនិតរបស់យុវជនខ្មែរ។ ការថ្លៃងឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងបរិស្ថាននេះ គឺធ្វើឡើងនៅចំពោះមុខសិស្សនិស្សិតនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញប្រមាណជាង ២,០០០នាក់ នៅក្នុងពិធីផ្តល់ បាឋកថាស្តីពី យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកយកឧទាហរណ៍ជាក់ស្តែង ដែលយុវជនខ្មែរមួយក្រុមជាសិស្សនិស្សិតចេះឆ្នៃកាកអំពៅយកទៅធ្វើជាចានក្រដាស់ប្រើប្រាស់ជំនួសឱ្យប្លាស្ទិកបាន។ នេះហើយជាគំនិតច្នៃប្រឌិតរបស់កូនខ្មែរ ដែលអាចស្រូបទាញការវិនិយោគ គម្រោងអភិវឌ្ឍនានាពីអន្តរជាតិ មកជួយដល់ប្រជាពលរដ្ឋខ្មែរនៅតាមសហគមន៍ជនបទ ជាពិសេសប្រជាសហគមន៍នៅតាមតំបន់ការពារធម្មជាតិ ដែលនេះជាទង្វើ និងជាបទពិសោធន៍ល្អរបស់ប្រទេសអភិវឌ្ឍន៍ ដែលមានប្រជាពលរដ្ឋចេះជួយរកប្រាក់ចំណូលជូនប្រទេស ហើយមិនរង់ចាំតែការជួយពីរដ្ឋនោះឡើយ។

You missed