ក្រសួងបរិស្ថាន បើកការស្រាវជ្រាវជុំវិញករណីព័ត៌មានចុះផ្សាយក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្ដក្រចេះ

 

ក្រចេះ៖ ក្រសួងបរិស្ថាន បានចាត់ក្រុមការងារអគ្គាធិការដ្ឋាន ដឹកនាំដោយ ឯកឧត្ដម កែវ សុ

ភគ៌ អគ្គាធិការ នៃក្រសួងបរិស្ថាន និងមន្ដ្រីក្រោមឱវាទ រួមជាមួយមន្ដ្រីបរិស្ថានខេត្ដក្រចេះ ចុះសិក្សាស្រាវជ្រាវជុំវិញករណី សារព័ត៌មានចុះផ្សាយថា មានការចូលរុករានដីដែនជម្រកសត្វព្រៃកែវសីមា ស្ថិតក្នុងភូមិ ត្រពាំងឈូក ឃុំឃ្សឹម និងភូមិវាលម្រះ ភូមិអូគរគី ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្ដក្រចេះ មានរយៈពេលបីថ្ងៃ ដែលមានបេសកកម្មចាប់ពីថ្ងៃទី ១៦-១៩ ខែមករា ឆ្នាំ២០២៤។

ក្រោយពីបានចុះស្រាវជ្រាវ និងស៊ើបសួរ ជុំវិញករណីខាងលើ លោក ឆាយឌួង សាវុធ ប្រធានមន្ទីរបរិស្ថានខេត្ដក្រចេះ បានបំភ្លឺថា ប្រជាពលរដ្ឋ គឺបានមកចូលរស់នៅមានរយៈពេលយូរមកហើយ ពោលគឺចាប់តាំងពី ឆ្នាំ២០១៣ មកម្ល៉េះ ដែលក្នុងនោះ រដ្ឋបាលខេត្ដបានព្យាយាមដោះស្រាយជូនប្រជាពលរដ្ឋមិនទាន់ចេញផង តើឱ្យខ្ញុំដោះស្រាយ និងបើកភ្លើងខៀវដោយវិធីណា និងសុំបដិសេដទាំងស្រុងលើការចុះផ្សាយព័ត៌មានទាំងនោះ។

លោកមេភូមិ ពៅ សាវាន បានរៀបរាប់ប្រាប់មន្ដ្រីជំនាញថា ខ្ញុំបានមករស់នៅក្នុងភូមិត្រពាំងឈូក តាំងពីឆ្នាំ២០១៣ មកម្ល៉េះ ហើយខ្ញុំបានកាន់តំណែងជាមេភូមិ ក្នុងឆ្នាំ២០២២ ហើយការកាប់រុករានដីធ្លីនេះ ខ្ញុំបានឃើញតាំងពីឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០១៥ ថ្ងៃទី២៧ ខែឧសភា មានអនុក្រឹត្យកាត់ឆ្វៀលដីចំនួន ៧៥០ ហិកតា ជូនប្រជាពលរដ្ឋរស់នៅក្នុងភូមិត្រពាំងឈូក។ លោកមេភូមិ ពៅ សាវាន បានប្រាប់ទៀតថា ប្រជាពលរដ្ឋស្របច្បាប់ដែលរស់នៅក្នុងភូមិត្រពាំងឈូក មានចំនួន ៣១០ គ្រួសារ និងមិនទាន់ស្របច្បាប់ចំនួនជាង​ ១៧៣ គ្រួសារ ហើយលោកកំពុងព្យាយាមបន្ដនីតិវិធីសម្របសម្រួលជូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិឱ្យទទួលបានសៀវភៅស្នាក់ដើម្បីទទួលបានភាពស្របច្បាប់។ ហើយលោកសូមសំណូមពរ ផ្ដល់ភាពស្អាតស្អំជូនរូបលោក និងបន្ដវិធានការណ៍ចំពោះសារព័ត៌មានដែលបានចុះផ្សាយ។

ប្រជាពលរដ្ឋចំនួន ៤នាក់ ដែលមានឈ្មោះ យឿន ឈុនណាង ឈ្មោះ ភួង រ៉ា ឈ្មោះ ញ៉ កុសល និងឈ្មោះ យឹម សាមុត បានឆ្លើយបំភ្លឺ ចំពោះមុខមន្ដ្រីជំនាញរបស់ក្រសួងបរិស្ថានថា ពួកគាត់បានចូលមករស់នៅ តាំងពីឆ្នាំ ២០១៣ មានដីអាស្រ័យផលចំនួន ៤ ទៅ ៥ ហិកតា ដាំដំណាំស្វាយចន្ទី និងដំណាំផ្សេងៗសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។ដីដែលពួកគាត់អាស្រ័យផលគឺបានទិញពីបងប្អូនជនជាតិដើមភាគតិច ក្រោយពីលក់ដីជូនពួកគាត់បងប្អូនជនជាតិទាំងនោះបានចាកចេញទៅរស់នៅកន្លែងផ្សេង បន្ថែមពីនោះពួកគាត់បានលើកឡើងថា ពួកគាត់គឺមានការរស់នៅពិតប្រាកដមែន ថែមទាំងមានលិខិតស្នាមទទួលស្គាល់ការស្នាក់តាមរយៈលោកមេភូមិ និងមេឃុំ ដោយសំអាងថាមានសៀវភៅស្នាក់នៅផងដែរ។

តំណាងប្រជាពលរដ្ឋទាំង ៤នាក់ ស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធ ជួយផ្ដល់ភាពយុត្ដិធម៌ និងផ្ដល់ភាពស្អាតស្អំ ជូនពួកគាត់ និងស្នើឱ្យមានការផ្ដល់ជូនការកាន់កាប់ដីស្របច្បាប់(ប្លង់រឹង) ជូនប្រជាពលរដ្ឋក្នុងភូមិ ត្រពាំងឈូក ឃុំឃ្សឹម ស្រុកស្នួល ខេត្ដក្រចេះ ឱ្យបានលឿនផង។

You missed