អ្នកនាំពាក្យក្រសួងបរិស្ថាន៖ ទេសចរចំនួនជាង៧ម៉ឺននាក់បានទៅទស្សនាតាមតំបន់ការពារធម្មជាតិនានា
ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ភ្ញៀវទេសចរណ៍ ចំនួន ៧២ ០៩៧ នាក់ ក្នុងនោះទេសចរបរទេសចំនួន ៧១៧ នាក់ បានធ្វើដំណើរកម្សាន្តនៅតាមសហគមន៍តំបន់ការពារធម្មជាតិនៅទូទាំងប្រទេសកម្ពុជា។ យោងតាមនាយកដ្ឋានទេសចរណ៍ធម្មជាតិនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន ភ្ញៀវទេសចរណ៍ នៅតាមសហគមន៍តំបន់ការពារធម្មជាតិ ក្នុងរដូវភ្ជុំបិណ្ឌរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃ០២ ខែតុលា ឆ្នាំ២០២៤ នាពេលកន្លងមក បាននាំចំណូលដល់សហគមន៍ ចំនួន ៣៥ ៣៦៧ ដុល្លារអាមេរិក។
សហគមន៍តំបន់ការពារធម្មជាតិ ទឹកធ្លាក់ច្រកល្អៀង នៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ បានទាក់ទាញភ្ញៀវទេសចរណ៍ បានច្រើនជាងគេ ចំនួនជិត២ម៉ឺននាក់ និងអាចរកចំណូលបានជិត១ម៉ឺនដុល្លារ។ បន្ទាប់មកមានតំបន់ការពារធម្មជាតិបឹងយក្សឡោម នៃតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងយក្សឡោម ក្នុងខេត្តរតនៈគីរី ក៏បានទទួលអ្នកទេសចរណ៍ជាតិ និងអន្តរជាតិចំនួនជាង១ម៉ឺននាក់ និងអាចរកចំណូលបាន ជាង៤ពាន់ដុល្លារ។ លើសពីនេះ សហគមន៍តំបន់ការពារធម្មជាតិនានា ផ្សេងទៀត សរុបចំនួន៥៣ ក្នុងចំណោមសហគមន៍តំបន់ការពារធម្មជាតិ ដែលបានទទួលស្គាល់ ដោយក្រសួងបរិស្ថាន សរុបចំនួន១៩៣ ទូទាំងប្រទេសកម្ពុជា ដែលមានសក្តានុពល និងជាគោលដៅទេសចរណ៍ធម្មជាតិ។
សូមបញ្ជាក់ថា ក្នុងរយៈពេល៩ខែ ក្នុងឆ្នាំ២០២៤ នេះ សហគមន៍តំបន់ការពារធម្មជាតិ បានទាក់ទាញ់ទេសចរមកសម្រាកកម្សាន្តបានចំនួន ៦៦៣ ២០៧ នាក់ ក្នុងនោះទេសចរបរទេស មានចំនួន១២ ៥២០នាក់ និងបានផ្តល់ចំនូលដល់សហគមន៍ បានចំនួន ៥២៥ ៣៥២ ដុល្លារអាមេរិក។
ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថាបានលើកឡើងថា ថវិការរបស់សហគមន៍តំបន់ការពារធម្មជាតិត្រូវគ្រប់គ្រងដោយសហគមន៍ដោយផ្ទាល់ ដែលបែងចែងសម្រាប់សកម្មភាពល្បាតរបស់សហគមន៍ ដើម្បីការពារនិងអភិរក្សធនធានធម្មជាតិ ចូលរួមសម្រាប់ជួយរៀបចំពង្រឹងការគ្រប់គ្រង ហេដ្ឋេចនាសម្ព័ន្ធរបស់សហគមន៍ ជួយជីវភាពសមាជិក ជួយដល់ការអភិវឌ្ឍមូលដ្ឋានមួយចំនួនថែមទៀត។ អ្នកនាំពាក្យក្រសួងបរិស្ថាន បានអះអាងបន្ថែមថា អ្នកទេសចរណ៍ បានទៅកម្សាន្តតាមសហគមន៍តំបន់ការពារធម្មជាតិ ក៏ព្រោះតែប្រទេសជាតិ មានសុខសន្តិភាព រាជរដ្ឋាភិបាល បានអភិវឌ្ឍនិងពង្រីកហេដ្ឋរចនាសម្ព័ន្ធ ងាយស្រួលធ្វើដំណើរ បានដល់មូលដ្ឋាន និងដោយសារការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ បានល្អប្រសើរ និងបានជួយគាំទ្រ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ មានឱកាស បានស្គាល់សម្បត្តិធម្មជាតិ ស្គាល់មាតុភូមិកម្ពុជា ស្រឡាញ់ព្រៃឈើ បណ្តុះគំនិត«បៃតង» ចូលរួម ដាំដើមឈើឱ្យបានច្រើន ជាពិសេសចូលរួមការពារព្រៃឈើ សត្វព្រៃ នៅតាមតំបន់ការពារធម្មជាតិ ដែលកំពុងការពារយ៉ាងតឹងរឹង ពីក្រសួងបរិស្ថាន និងក្រសួង ស្ថាប័ន ពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ជាពិសេសពីប្រជាពលរដ្ឋ នៅតាមសហគមន៍តំបន់ការពារធម្មជាតិ។ ឯកឧត្តមបានបន្ថែមថា កន្លងមក សហគមន៍តំបន់ការពារធម្មជាតិ បានរៀបចំផលិតផល និងសេវាកម្មទេសចរណ៍ ប្រកបដោយការទទួលខុសត្រូវ ដូចជាមានហេដ្ឋារចនាសម្ព័ន្ធ សម្រាប់កន្លែងលំហែបៃតង កន្លែងគយគន់ ទេសភាពធម្មជាតិ ទឹកជ្រោះ ទស្សនាសត្វព្រៃ ដើមឈើ និងតំបន់វប្បធម៌ ប្រវត្តិសាស្រ្ត បុរាណថែមទៀត។ អ្នកនាំពាក្យបានឱ្យដឹងផងដែរថា សហគមន៍តំបន់ការពារធម្មជាតិ មានតួនាទីសំខាន់ ចូលរួមក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ក៏ដូចជាចូលរួមអភិរក្ស បេតិកភណ្ឌវប្បធម៌ប្រពៃណី ទាំងរូបី និងអរូបិឱ្យបានគង់វង្ស និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបង្កើតអេកូទេសចរណ៍ ដើម្បីបង្កើនសេដ្ឋកិច្ចមូលដ្ឋាន ដើម្បីឆ្លើយតបកំណើនឡើងនៃវិស័យទេសចរណ៍ និងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងការដើរកម្សាន្ត។ ។
សូមបញ្ជាក់ថា ក្រសួងបរិស្ថាន នាពេលកន្លងមក បានដាក់ចេញផែនការអភិវឌ្ឍន៍ទេសចរណ៍លំហែបៃតង ដោយយកចិត្តទុកដាក់ ជំរុញការលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋនៅតាមសហគមន៍ទាំងអស់ គោរពវប្បធម៌ និងបរិស្ថាន និងជំរុញឱ្យសហគមន៍ មានភាពស្អាត មានផ្តល់សេវា ក្នុងតម្លៃសមរម្យ មានអនាម័យ មានការទុកដាក់សំណល់ឱ្យបានត្រឹមត្រូវ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ការការពារព្រៃឈើ សត្វព្រៃ និងដាំស្តារព្រៃឈើ ដែលជួយបង្កើនចំណូលបន្ថែម តាមរយៈវិស័យអេកូទេសចរណ៍ និងកាត់ផ្តាច់ពីការពឹងអាស្រ័យ លើអនុផលព្រៃឈើ។ ឯកឧត្តម បានលើកឡើងផងដែរថា ក្រសួងបរិស្ថានកន្លងមក បានបណ្តុះបណ្តាលឱ្យសហគមន៍ក្លាយជាម្ចាស់លើការអភិវឌ្ឍទេសចរណ៍ធម្មជាតិ មានភាពស្អាត បៃតង ចេះផលិតវត្ថុអនុស្សាវរីយ៍ ការដាំដំណាំរួមផ្សំផ្សេងៗ មានបន្លែបង្ការ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ គ្រួសារប្រចាំថ្ងៃ សម្រាប់លក់ទៅទីផ្សារ និងបម្រើសេវាកម្មទេសចរណ៍ជាដើម៕