#ភ្នំពេញ
កាត់ទោសមេតុងទីនដ៏ល្បី ឡុង រ៉ានី និងប្តី ដាក់ពន្ធធានាគាររយៈពេល២ឆ្នាំ ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ឆបោក និងសមគំនិត និងឲ្យសងជំងឺចិត្ត ១០០លានរៀល ជូនដើមបណ្តឹងវិញ

រាជធានីភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ បានប្រកាសសាលក្រមផ្តន្ទាទោស មេតុងទីនដ៏ល្បីឈ្មោះ ឡុង រ៉ានី ភេទស្រី អាយុ៣៦ឆ្នាំ ដែលប្រើគណនីFacebook ឡុង រ៉ានី (ម៉ាក់ សក្តិសក្តិ) ដែលកំពុងជាប់ឃុំនៅពន្ធនាគារ PJ តាមដីកាបង្គាប់ឲ្យឃុំខ្លួនលេខ ៥៧០ «ជ១» ដ.ឃ.ដ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ របស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដាក់ពន្ធនាគារកំណត់រយៈពេល ២ឆ្នាំ ពីបទ ៖ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន និងឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ និងមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ ។

ដោយឡែកប្តី ដែលមានឈ្មោះ គឹម ខេមរិទ្ធិ ភេទប្រុស អាយុ៣៥ឆ្នាំ ដែលកំពុងរត់គេចខ្លួននោះ ត្រូវបានសម្រេចដាក់ពន្ធនាគារកំណត់រយៈពេល ២ឆ្នាំ ពីបទ សមគំនិតក្នុងអំពើឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា ២៩ និងមាត្រ ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ ។

មិនតែប៉ុណ្ណោះ បង្គាប់ឲ្យជនជាប់ចោទឈ្មោះ ឡុងរ៉ានី និងឈ្មោះ គឹម ខេមរិទ្ធិ សងសំណង និងជំងឺចិត្តទៅឲ្យដើមបណ្តឹងរដ្ឋប្បវេណី ឈ្មោះ ឈឹម ភារី នូវសំណងជំងឺចិត្ត ១០០,០០០,០០០រៀល ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ មេតុងទីនឈ្មោះ ឡុង រ៉ានី ភេទ ស្រី អាយុ ៣៦ ឆ្នាំ មាន ទីលំនៅ ផ្ទះ លេខ ៤០ ស ផ្លូវ លេខ ៣៥០ សង្កាត់ បឹង កេងកង ៣ ខណ្ឌ បឹង កេងកង រាជធានី ភ្នំពេញ ត្រូវបានសមត្ថកិច្ចនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ធ្វើការចាប់ខ្លួនតាមដីកាបញ្ជាឲ្យចូលខ្លួនលេខ ០៤០ អ.យ.ក ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ករណី ( មិន បំពេញ កាតព្វកិច្ច ចំពោះ ឧ បរកណ៍ អាច ជួញដូរ បាន ) ពោល គឺ ឆបោក និង ប្រើប្រាស់ មូលប្បទានប័ត្រ គ្មាន សាច់ ប្រាក់ ( សែក ស្អុយ ) ដោយយោង ទៅលើ ពាក្យបណ្តឹង របស់ ឈ្មោះ ឈឹម ភា រី ហើយបន្ទាប់ពីមានការចោទប្រកាន់ពីសំណាក់តំណាងអយ្យការ មេតុងទីនរូបនេះត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន នៅពន្ធនាគារPJ ខណៈដែលមានកូនតុងទីនជាច្រើននាក់ ធ្វើការប្តឹងចោទប្រកាន់មកលើមេតុងទីនរូបនេះ និងប្តី ក្រោយឆបោកគេ វេច លុយ រត់ សរុប ជា ទឹកប្រាក់ ប្រមាណ ជិត ២ លាន ដុល្លារ អាមេរិក ឯណោះ ករណីឆបោកតាមរយៈការលេងតុងទីន នៅក្នុងបណ្តាញសង្គម បានបណ្តាលឲ្យប្រជាពលរដ្ឋជាច្រើននាក់ ក្លាយខ្លួនជាជនរងគ្រោះ ទទួលរងនូវការខាតបង់ប្រាក់កាសអស់ពីខ្លួន ដោយសារតែជឿទុកចិត្តទៅលើមេតុងទីន ដែលតែងតែសំញែងទ្រព្យសម្បត្តិ លុយ ឡាន វីឡា និងផ្តល់ការធានារលើការបង្វិលប្រាក់ជូនកូនតុងទីនវិញ ៕

You missed