ភ្នំពេញ៖ក្នុងឱកាស «ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ» ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍បញ្ជាក់ថារាជរដ្ឋាភិបាលនឹងបន្តផ្តល់អាទិភាពខ្ពស់លើការងារគ្រប់គ្រងគ្រោះមហន្តរាយ ដោយបន្តរក្សា និងបង្កើនភាពធន់នឹងគ្រោះមហន្តរាយ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបន្តផ្តល់អាទិភាពខ្ពស់លើការងារគ្រប់គ្រងគ្រោះមហន្តរាយ ដោយបន្តរក្សា និង បង្កើនភាពធន់នឹងគ្រោះមហន្តរាយ តាមរយៈការវិនិយោគជារួមទៅលើកំណើនសេដ្ឋកិច្ច សង្គមជាពហុវិស័យ ប្រកបដោយបរិយាប័ន្ន ដែលជាឆ្អឹងខ្នងនៃសមត្ថភាពជាតិ ក្នុងការគ្រប់គ្រង និងការកាត់បន្ថយហានិភ័យគ្រោះ មហន្តរាយ ជាមួយនឹងការវិនិយោគដោយឡែកផ្ទាល់ទៅលើវិស័យជួរមុខក្នុងការកសាងសមត្ថភាពឆ្លើយតបនៅគ្រប់កម្រិតទាន់ពេលវេលា មានប្រសិទ្ធភាព និងអាចស្តារឡើងវិញបានយ៉ាងឆាប់រហ័សក្រោយគ្រោះមហន្តរាយ រួមមាន៖កសិកម្ម ធនធានទឹក ហេដ្ឋារចនាសម្ព័ន្ធ នគរូបនីយកម្ម បរិស្ថាន អប់រំ និងសេវាសង្គ្រោះ បន្ទាន់ សុខាភិបាល។ល។

សម្ដេចធិបតីបន្តថា ក្នុងនោះគ្រប់ភាគីពាក់ព័ន្ធសំខាន់ៗទាំងអស់ ត្រូវធ្វើសកម្មភាពដោយមានការ សម្របសម្រួលរវាងក្រសួង ស្ថាប័នរដ្ឋ ផ្នែកសាធារណៈ ឯកជន ដៃគូអភិវឌ្ឍ សង្គមស៊ីវិល សហគមន៍ និងពលរដ្ឋគ្រប់រូប តាមរយៈការរួមបញ្ចូលទៅក្នុងតួនាទី និងការទទួលខុសត្រូវរបស់ស្ថាប័ន ការប្រកបវិជ្ជាជីវៈ និង ធុរកិច្ចនៅក្នុងវិស័យ នីមួយៗ ក្នុងស្មារតីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការកសាងភាពធន់នឹង គ្រោះមហន្តរាយនៅក្នុងបរិបទនៃកាលៈទេសៈ សមត្ថភាព និងដែនសមត្ថកិច្ចរៀងៗខ្លួន។

សម្ដេចធិបតីមានប្រសាសន៍បញ្ជាក់ថា៖«យើងបានដឹងហើយថា ការគ្រប់គ្រងគ្រោះមហន្តរាយជាការងារពហុវិស័យ ជាការងារប្រទាក់ក្រឡា ពាក់ព័ន្ធស្ទើរគ្រប់ទិដ្ឋភាពសេដ្ឋកិច្ច សង្គមរបស់ប្រទេសជាតិ ដែលត្រូវធ្វើឡើងប្រកបដោយបរិយាបន្ន។ ហេតុនេះ គ្រប់វិស័យសុទ្ធតែជាប់ពាក់ព័ន្ធ និងត្រូវរួមចំណែកដោយផ្ទាល់ ឬដោយប្រយោលនៅក្នុងសកម្មភាពការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ»។

សម្ដេចនាយករដ្ឋមន្រ្ដីបន្តថា បន្ថែមលើនេះការរួមចំណែកគាំទ្រ ឧបត្ថម្ភធនធានសម្ភារៈ មធ្យោបាយថវិកាដល់អាជ្ញាធរ ក៏ដូចជារាជរដ្ឋាភិបាល នៅក្នុងការឆ្លើយតបគ្រោះមហន្តរាយ ពីសំណាក់ ប្រជាពលរដ្ឋ ដៃគូអភិវឌ្ឍ សប្បុរសជន នៅតែជាភាពចាំបាច់ដែលមិនអាចកាត់ផ្តាច់បាន ដែលមែនត្រឹមតែជា កិច្ចការមនុស្សធម៌ប៉ុណ្ណោះទេ ប៉ុន្តែវាជាចំណែកមួយនៃការវិនិយោគ ដែលពលរដ្ឋធ្វើឡើងជាមួយអាជ្ញាធរ ដើម្បីរួមគ្នាការពារសុខសុវត្ថិភាព និងសេដ្ឋកិច្ច សង្គមរបស់ប្រទេសជាតិទាំងមូល។

សម្ដេចធីបតីនាយករដ្ឋមន្រ្ដីមានប្រសាសន៍រំលឹកថា ការប្រែប្រួលអាកាសធាតុបាន និងកំពុងជះឥទ្ធិពលអវិជ្ជមានដ៏ធ្ងន់ធ្ងរ យ៉ាងជាក់ស្តែងមកលើបរិស្ថានពិភពលោកទាំងមូល និងបានបង្កើនវត្តមានគ្រោះមហន្តរាយធម្មជាតិកាន់តែញឹកញាប់ និងកាន់តែមានឥទ្ធិពល ធំធេងនៅក្នុងប្រទេសជាច្រើន មិនថាជាប្រទេសមានការអភិវឌ្ឍ ប្រទេសក្រីក្រទន់ខ្សោយនោះឡើយ ដែលបានធ្វើឱ្យបាត់បង់អាយុជីវិត ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គមយ៉ាងធ្ងន់ធ្ងរ។ នៅក្នុងឆ្នាំ២០២៤នេះ គ្រាន់តែព្យុះត្រូពិក «យ៉ាជី» មួយបានបង្កគ្រោះមហន្តរាយធ្ងន់ធ្ងរដល់ប្រទេសចំនួន៥ក្នុងចំណោមសមាជិកអាស៊ានដែលមានសរុប១០ប្រទេសដែលបានឆក់យកអាយុជីវិតមនុស្សជាច្រើន និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចសង្គម គិតជាទឹកប្រាក់អស់រាប់រយពាន់លានដុល្លារ។

សម្ដេចបញ្ជាក់ថា ឆ្នាំ២០២៤ សម្រាប់កម្ពុជា ថ្វីត្បិតតែយើងមិនបានរងគ្រោះដោយផ្ទាល់ពីព្យុះទាំងឡាយ បូករួមទាំង ព្យុះ «យ៉ាជី»ផង ប៉ុន្តែឥទ្ធិពលខ្លាំងពីបាតុភូតអិលនីញ៉ូលើសពី៨០% បានធ្វើឱ្យកំដៅបរិយាកាសកើនឡើង បង្កឱ្យមានកង្វះខាតទឹកសម្រាប់កសិកម្ម នៅក្នុងភូមិសាស្ត្រមួយចំនួន ហើយឥទ្ធិពលបាតុភូត «ឡានីញ៉ា» ក៏បាននិងកំពុងបង្កឱ្យមានខ្យល់កន្ត្រាក់ រន្ទះបាញ់ និងភ្លៀងធ្លាក់ខ្លាំងនៅតាមតំបន់នានា បណ្តាលឱ្យមានទឹកជន់ ការហូរច្រោះបាក់ច្រាំងទន្លេ ផ្លូវ ស្ពាន ថ្នល់ និងលិចលង់ក្នុងភូមិសាស្រ្តរាជធានី ខេត្តមួយចំនួនគួរឱ្យកត់សំគាល់។

សម្ដេចថ្លែងថា ប៉ុន្តែឆ្នាំ២០២៤ក៏ជាឆ្នាំដែលកម្ពុជាសម្រេចបានសមិទ្ធិផលជាវិជ្ជមានក្នុងថេរវេលា១ឆ្នាំពេញ នៃការដឹកនាំ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ដែលជារាជរដ្ឋាភិបាលថ្មីដឹកនាំដោយកម្លាំងថ្មី ជាយុវជនបន្តវេន ឆ្លើយបតចំពោះឆន្ទៈប្រជាជនកម្ពុជាដែលបានបានបង្ហាញតាមរយៈការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលបានបោះឆ្នោតដើម្បីសន្តិភាព ការអភិវឌ្ឍ ភាពសុខដុមរមនា និងដើម្បីសុភមង្គលរបស់ប្រជាជន។

សម្ដេចបន្តថា៖«ក្នុងការបន្តមត៌កដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលនីតិកាលមុនៗ និងឈរលើឧត្តមប្រយោជន៍ដ៏ឧត្តុង្គឧត្តម នៃប្រទេសជាតិ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណសម្រាប់ឆ្នាំ២០២៣-២០២៨ ដែល កោណទី៤ បានកំណត់ការអភិវឌ្ឍប្រទេសប្រកបដោយនិរន្តរភាព និងរួមបញ្ចូលជាមួយនឹងគោលដៅយុទ្ធសាស្ត្រ ផ្តោតលើការកាត់បន្ថយជាអតិបរមាការបំពុល និងផលប៉ះពាល់បរិស្ថាន ពង្រឹងការគ្រប់គ្រងទឹក ការពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងរួមចំណែកកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ សកល ដើម្បីធានាការអភិវឌ្ឍន៍ប្រកបដោយចីរភាព»។

សម្ដេចបន្ថែមថាដើម្បីធានាបានការកាត់បន្ថយផលប៉ះពាល់នៃគ្រោះមហន្តរាយធម្មជាតិ រាជរដ្ឋាភិបាលក៏បានរៀបចំឡើងផងដែរ ផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ ២០២៤-២០២៨ ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដោយភ្ជាប់ទំនាក់ទំនងរវាងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការបន្សំទៅនឹងការប្រែប្រួលអាកាសធាតុ ដោយបានដាក់ចេញ នូវគោលដៅយុទ្ធសាស្ត្រចំនួន៤ និងកម្មវិធីអាទិភាពចំនួន១៨ ដើម្បីអនុវត្ត៕
អត្ថបទ​និងរូបភាពដកស្រង់ចេញពីBTV New

You missed