ឯកឧត្តម ង៉ូវ បូរីណា៖ «គិតឲ្យបានវែងឆ្ងាយ ធ្វើសកម្មភាពរហ័ស ការដោះស្រាយបញ្ហាបន្ទាន់» ! ក្រសួងបរិស្ថាន និង USAID រៀបចំពិធីបិទជាផ្លូវការគម្រោងអនាគតបៃតងកម្ពុជា

ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) កាលពីរសៀលទី៥ ខែកក្កដា ឆ្នាំ២០២៤ បានរៀបចំពិធីបិទបញ្ចប់ជាផ្លូវការនូវគម្រោងអនាគតបៃតងកម្ពុជា ដែលបានអនុវត្តរយ:ពេល ៥ឆ្នាំ (២០១៩-២០២៤) តាមរយ:ការអនុវត្តវិធីសាស្ត្របែបផ្លាស់ប្តូរឥរិយាបថសង្គម (SBCC) ដោយក្រុមយុវជនបៃតងកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពីលោកស្រី Kerry Pelzmen នាយិកាទីភ្នាក់ងារជំនួយអាមេរិក USAID ព្រមទាំងស្ថាប័នជំនាញ អង្គការដៃគូ ក្រុមយុវជន សិស្សានុសិស្ស និងសង្គមស៊ីវិលប្រមាណ២០០នាក់ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។

ថ្លែងក្នុងពិធី លោកស្រី Kerry Pelzmen បានលើកទ្បើងពីគោលបំណងរួម និងទិសដៅគម្រោងអនាគតបៃតងកម្ពុជារបស់ USAID ដែលបានគាំទ្រសកម្មភាពនិងបេសកកម្មរបស់ខ្លួន ស្របតាមយុទ្ធសាស្រ្ត  និងផែនការសកម្មភាពបរិស្ថានជាតិរបស់ប្រទេសកម្ពុជា សំដៅពង្រឹងប្រសិទ្ធភាព និងធ្វើឲ្យប្រសើទ្បើងក្នុងកិច្ចការពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីៈវចម្រុះ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ លោកស្រី Kerry Pelzmen ក៏បានបង្ហាញអំពីលទ្ធផលនៃគម្រោងដែលអនុវត្តន៍បានជោគជ័យទៅតាមដំណាក់កាលនីមួយៗក្នុងរយ:ពេលកន្លងមកគួរជាទីមោទនៈសម្រាប់ប្រជាជាតិ និងសាកលលោក

ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ដើម្បីឆ្លើយតបនឹងស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងកិច្ចការពារបរិស្ថានប្រកបដោយប្រសិទ្ធភាព ព្រមទាំងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាពនៅកម្ពុជា ក្រសួងបរិស្ថាន បានសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និងសហគមន៍មូលដ្ឋាន ក្នុងការអនុវត្តគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន សំដៅរួមចំណែកការពារសម្បត្តិធនធានធម្មជាតិ ដោយរក្សាបាននូវភាពគង់វង្សយូរអង្វែង ។

ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ទៀតថា ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី ៧ នៃរដ្ឋសភា បាននាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលនេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព ។

ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍បន្តថា វិស័យបរិស្ថានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម វប្បធម៌ និងទេសចរណ៍ ក្រោមទិសស្លោក «កម្ពុជាព្រះរាជាណាចក្រអច្ឆរិយ:» ហើយទស្សន:វិជ្ជារបស់យើងទាក់ទងនឹងបរិស្ថានគឺ «គិតឲ្យបានវែងឆ្ងាយ ធ្វើសកម្មភាពរហ័ស ការដោះស្រាយបញ្ហាបន្ទាន់»។

ឯកឧត្តម ង៉ូវ បូរីណា បានកោតសរសើរ និងថ្លែងអំណរគុណចំពោះដៃគូ USAID ដែលបានផ្តល់នូវចំណេះដឹង និងជំនាញក្នុងការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងផ្អែកលើភស្តុតាង ដើម្បីជះឥទ្ធិពលជាវិជ្ជមានដល់សកម្មភាពវិជ្ជមានក្នុងការគាំទ្រដល់ការអភិរក្សជីវៈចម្រុះ ការការពារព្រៃឈើ និងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាពនៅកម្ពុជា និងបង្ហាញពីមោទនភាព និងក្ដីរីករាយចំពោះការផ្សព្វផ្សាយបន្តនូវសម្ភារ:បរិក្ខារ ការផ្លាស់ប្ដូរឥរិយាថបសង្គម (SBCC)  តាមរយ:បណ្ណាល័យអេទ្បិចត្រូនិចរបស់ក្រសួងបរិស្ថាន ។

ឯកឧត្តមបានបញ្ជាក់ថា ប្រជាជន និងយុវជនកម្ពុជា មានកាតព្វកិច្ចចូលរួមក្នុងការអភិរក្ស និងការពារធនធានធម្មជាតិដ៏មានតម្លៃរបស់ខ្លួន និងគាំទ្រដល់យុទ្ធសាស្ត្រគាំពារបរិស្ថានជាតិ និងផែនការសកម្មភាពរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងបរិស្ថានជាសេនាធិការ ក្នុងគោលដៅពង្រឹងការគ្រប់គ្រងធនធានធម្មជាតិដែលជាកេរ្តិ៍ដំណេលដ៏សម្បូរបែប ដើម្បីជាប្រយោជន៍របស់ប្រជាពលរដ្ឋកម្ពុជា ។

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណជនគ្រប់ស្រទាប់វណ្ណៈឲ្យចូលរួមការពារ និងអភិរក្សសត្វព្រៃគ្រប់ប្រភេទ ដោយកុំទទួលទានសាច់សត្វព្រៃធ្វើជាអាហារ និងបានឆ្លៀតយកឱកាសនេះថ្លែងអំណរគុណដល់សិស្សានុសិស្ស ប្រជាពលរដ្ឋ ព្រះសង្ឃ ដែលបានចូលរួមយ៉ាងសកម្មលើយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងយុទ្ធនាការកម្ពុជាស្អាត ខ្មែរធ្វើបានផងដែរ ព្រមទាំងរំឭក និងផ្សព្វផ្សាយក្នុងពិធីអំពីការតាំងពិព័រណ៍ និងចែកកូនឈើក្រោមមូលបទ «ពន្លកបៃតង» ចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងបរិស្ថាន ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ មានកិត្តិយសផ្តល់ជូននូវប័ណ្ណសរសើររបស់ ក្រសួងបរិស្ថាន ជូនដល់រូបវ័ន្តបុគ្គល និងនីតិបុគ្គលដែលមានស្នាដែល្អក្នុងការរួមចំណែកអនុវត្តសកម្មភាពមេត្រីភាពបរិស្ថានផងដែរ ៕

You missed