#ភ្នំពេញ
#រឿងកាន់តែក្ដៅហើយ ក្រោយពីកុមារតូចៗទទួលទាន ទឹកដោះគោម៉ាក NuVi គឺមានអាការៈក្ដៅខ្លួនខ្លាំង និងចូលមន្ទីរពេទ្យព្យាបាលជាបន្ដបន្ទាប់

ភ្នំពេញ៖ ជារឿងមួយដែលគួរឱ្យហួសចិត្ដ កុមារជាច្រើន រៀននៅសាលាបឹងសាឡាង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយពីបានញាំទឹកដោះគោ ម៉ាក NuVi ដែលបានយកទៅធ្វើការផ្សព្វផ្សាយ និងលក់ ក្នុងបរិវេណសាលាបឋមសិក្សាបឹងសាឡាង កាលពីថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០២៣ថ្មីៗនេះ មានអាណាព្យាបាលសិស្សម្នាក់ បានប្រាប់មកអង្គភាពសារព័ត៌មានយើងខ្ញុំថា កុមារជាច្រើននាក់ បានញាំទឹកដោះគោ ម៉ាក NuVi ហួសសុពលភាពប្រើប្រាស់ និងបានបញ្ជូនទៅមន្ទីរព្យាបាលជាបណ្ដើរៗហើយ។

បើយោងតាមអាណាព្យាបាលសិស្សឈ្មោះ ឡេង បុត្រា ណាណូ
បានរៀបរាប់ប្រាប់ថា កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ កូនរបស់ខ្លួន
បានភ្លក់ទឹកដោះគោ ម៉ាក NuVi ដែលមានការផ្សព្វផ្សាយ និងលក់ ដោយតំណាងរបស់ក្រុមហ៊ុន នៅក្នុងបរិវេណសាលា បឋមសិក្សាបឹងសាឡាង។ គាត់មានការជឿទុកចិត្ដលើក្រុមហ៊ុន ហើយក៏បានទិញទឹកដោះគោ ម៉ាក NuVi នោះចំនួន ១កេស សម្រាប់ឱ្យកូនរបស់គាត់ផឹក ដោយពុំបានពិនិត្យមើលលើ សុពលភាពផលិត និងកាលបរិច្ឆេទប្រើប្រាស់នោះទេ។បន្ទាប់ពីកុមារា ឡេង បុត្រាណាណូ ដែលមានអាយុ ៦ ឆ្នាំ បានញាំទឹកដោះគោនោះរួចចំនួន ៣កំប៉ុងក្រដាសអស់ ស្រាប់តែអាណាព្យាបាលនោះ បានចាប់អារម្មណ៍ និងពិនិត្យមើលអំពី សុពលភាពនៃការផលិត ក៏បានឃើញថា ផលិតផលនេះ បានហួសសុពលភាព កាលបរិច្ឆេទប្រើប្រាស់ជាង ១០ថ្ងៃទៅហើយ បន្ទាប់មកទៀតរូបគាត់ក៏បានយកទឹកដោះគោនោះ ទៅប្ដូរជាមួយក្រុមហ៊ុននោះវិញ ក៏ប៉ុន្ដែក្រុមការងារដែលជាតំណាងក្រុមហ៊ុនទឹកដោះគោនោះ បានរើសសម្ភារៈចាកចេញពីសាលាអស់ទៅ។

អាណាព្យាបាលរបស់កុមារា ឡេង បុត្រាណាណូ បានរៀបរាប់បន្ដទៀតថា នៅយប់ថ្ងៃទី២៧ ដដែល វេលាម៉ោងជាង ៩:០០ យប់ ស្រាប់តែកូនរបស់គាត់មានអាការៈក្ដៅខ្លួនខ្លាំងពេញមួយយប់ ក្នុងសីតុណ្ហភាពជិត ៤០ អង្សារសេ ធ្វើឱ្យរូបគាត់មានការព្រួយបារម្ភយ៉ាងខ្លាំង លុះដល់ព្រឹកថ្ងៃទី២៨
គាត់បានបញ្ជូនកូនទៅមន្ទីរពេទ្យព្យាបាលជាបន្ទាន់ ប៉ុន្ដែអាការៈកុមារនោះមិនថមថយកំដៅនោះទេ រហូតដល់ល្ងាចថ្ងៃទី២៩ ក្រោយការព្យាបាលយ៉ាងយកចិត្ដទុកដាក់ពីលោកគ្រូពេទ្យ ទើបមានអាការៈបានធូរស្រាលបន្ដិច។

គូសបញ្ជាក់ផងដែរថា ផលិតផលទឹកដោះគោម៉ាក NuVi ខាងលើនេះ គេដឹងថាជាផលិតផល ដែលធ្វើការនាំចូលពីក្រុមហ៊ុន ជីប ម៉ុង គ្រុប ជាក្រុមហ៊ុនដ៏ល្បីឈ្មោះមួយក្នុងព្រះរាជាណាចក្រកម្ពុជា គឺមានអ្នកឱកញ៉ា លាង ឃុន ជាអគ្គនាយកគ្រប់គ្រងក្រុមហ៊ុនផងនោះ។

ក្រោយពីបានដឹងរឿងផលិតផលហួសសុពលភាពនេះភ្លាម អាណាព្យាបាលសិស្សជាច្រើននាក់ ដែលមានកូនរៀននៅសាលាបឹងសាឡាង មានការភ្ញាក់ផ្អើល និងព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការផ្សព្វផ្សាយ និងចែកផលិតផលហួសសុពលភាពឱ្យកូនៗរបស់គាត់បានភ្លក់ កាលពីថ្ងៃទី២៧ កន្លងមក ។ អាណាព្យាបាលសិស្សក៏ស្នើសុំឱ្យលោកនាកយកសាលាបឹងសាឡាង និងសាលាផ្សេងៗមេត្ដាពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយដើម្បីការពារសុខភាពកុមារ ព្រោះក្មេងៗជាសិស្ស គឺនៅតូចៗ មិនទាន់មានការយល់ដឹងពីបញ្ហាសុខភាពចំណីអាហារ កាលបរិច្ឆេទផលិត ឬហួសសុពលភាពនោះទេ ព្រមទាំងសូមឱ្យក្រសួងសុខាភិបាល ចូលរួមពិនិត្យ លើផលិតផលខូចគុណភាព ឬ ផលិតផលដែលប៉ះពាល់សុខភាពកុមារនៅតាមសាលារៀនផង។

មួយវិញទៀត អាណាព្យាបាលកុមារា ឡេង បុត្រាណាណូ សូមឱ្យអ្នកឧកញ៉ា លាង ឃុន អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង គ្រុប ធ្វើការស្រាវជ្រាវ និងពិនិត្យឱ្យល្អិតល្អន់មុននឹងឱ្យតំណាងក្រុមហ៊ុន ធ្វើការចែកចាយ ឬ ធ្វើទីផ្សារ សូមកុំឱ្យយកសុខភាពកុមារមកធ្វើជាការពិសោធន៍ទីផ្សារ ដើម្បីស្វែងរកប្រាក់ចំណេញ និងសំណូមពរឱ្យអ្នកឧកញ៉ា គួរស្រឡាញ់សុខភាពកុមារផង ព្រោះឪពុកម្ដាយគ្រប់រូបគឺស្រឡាញ់កូនៗរបស់គេខ្លាំងណាស់។

អង្គភាពសារព័ត៌មានយើងខ្ញុំ រង់ចាំការបំភ្លឺជុំវិញព័ត៌មានខាងលើ គ្រប់ម៉ោងធ្វើការ ស្របតាមក្រមសីលធម៌ និងវិជ្ជាជីវៈអ្នកសារព័ត៌មាន។

You missed