

-ក្រសួងការពារជាតិ បានបដិសេធការចោទប្រកាន់របស់ថៃ ករណីជនជាតិចិនឈ្មោះ Shi Jingui បានជាន់មីនដាច់ជើង។ ក្រសួងបញ្ជាក់ថា ជនជាតិចិនរូបនេះ បានជាន់មីនចាស់នៅក្នុងទឹកដីចម្ការមីនរបស់កម្ពុជា ដែលសល់មីនចាស់ជាច្រើនពីសម័យសង្រ្គាម។
«កងការពារព្រំដែនលេខ៥០៣របស់កម្ពុជា ដែលឈរជើងនៅក្នុងភូមិសាស្រ្តភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានឮសូរសំឡេងផ្ទុះគ្រាប់មីនចំនួន ០១គ្រាប់ ហើយបើតាមការពិនិត្យទីតាំងឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងតំបន់ចម្ការមីនរបស់កម្ពុជា ដែលមានគ្រាប់មីនចាស់មិនទាន់ផ្ទុះដែលជាសំណល់ពីសម័យសង្គ្រាមជាយូរឆ្នាំមកហើយ។» នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងការពារជាតិ។

ក្រសួងការពារជាតិ អះអាងថា ជនជាតិចិនឈ្មោះ SHI JINGUI កាន់លិខិតឆ្លងដែនលេខ 2356975263 ត្រូវបានក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ថាពុំមានឈ្មោះនៅក្នុងប្រព័ន្ធទិន្នន័យកត់ត្រាអ្នកដំណើរចេញ-ចូលប្រទេសកម្ពុជារបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នោះឡើយ។
កម្ពុជា ជំរុញឱ្យភាគីថៃអនុវត្តឱ្យបានម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពគ្នារួចមកហើយ ដោយការងារដោះមីនមនុស្សធម៌នៅតាមព្រំដែន ត្រូវធ្វើឡើងតាមរយៈក្រុមការងារ JCTF និងស្របតាម SOP ដែលបានឯកភាពគ្នា៕







